អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងសាច់ញាតិរបស់អ្នកឧកញ៉ាមកពីសហរដ្ឋអាមេរិក ព្រមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌រួមមាន នំបុ័ង នំប៉ាវ នំប្រអប់ បាយប្រអប់ កាបូបនិងដបទឹកសម្រាប់សិស្សានុសិស្ស សម្លៀកបំពាក់ ព្រមទាំងចែកថវិកាជូនដល់ចាស់ជរា លោកយាយ លោកតា អ៊ំ ពូ មីង ក្មួយៗ និងកុមារៗប្រមាណជាង ៩០០ នាក់ រស់នៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយចំណាយជាថវិកាសរុបប្រមាណជា ៨,៧៥០ ដុល្លារ។



សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។


