ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ ក្នុងនោះរួមមាន សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចម្រុះចំនួន ៥០ កេស ព្រមទាំងនំបុ័ង និងទឹកសុទ្ធចែកជូនប្រជាពលរដ្ឋក្រីក្រជាង ១០០ គ្រួសារនៅតំបន់គំនរសំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នេះជាសកម្មភាពសប្បុរសធម៌លើកទី៣ ក្នុងឆ្នាំ២០២៥ នេះ ដែលមូលនិធិ ម៉េងលី ជេ. គួច ចុះចែកជំនួយនៅតំបន់គំនរសំរាមខាងលើ។ ការចូលរួមនេះ មិនត្រឹមតែជាការផ្ដល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្ដែជាបង្ហាញពីការប្ដេជ្ញារបស់មូលនិធិ ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ ដើម្បីពង្រឹងលើគុណភាពជីវិតរបស់គួ្រសារដែលកំពុងប្រឈមនឹងបញ្ហា ជីវភាពខ្វះខាតប្រចាំថ្ងៃ និងពុំមានទីពំនាក់អាស្រ័យគ្រប់គ្រាន់។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។