ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ជាថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងរទេះរុញចំនួន ១ គ្រឿង ជូនដល់លោកយាយ ហេង សំ ជន្មាយុ៧៨ឆ្នាំ បច្ចុប្បន្នលោកយាយរស់នៅតែម្នាក់ឯង ក្នុងភូមិក្រចាប ឃុំព្រែកខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ការបរិច្ចាគខាងលើនេះ គឺជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រពលរដ្ឋដែលខ្វះលទ្ធភាព ជាពិសេសចាស់ជរា ដើម្បីឱ្យពួកគាត់ទទួលបាន នូវសុខុមាលភាពនិងការរស់នៅប្រសើរជាងមុន។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។