ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកនូវជំនួយសប្បុរសធម៌ជូនគ្រួសាររបស់កុមារី រ៉ន ចាន់វី ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពរស់នៅ។ ការបរិច្ចាគរួមមានថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងគ្រួសារ។

គួរបញ្ជាក់ថា កុមារី រ៉ន ចាន់វី មានអាយុ១២ឆ្នាំ កំពុងសិក្សាថ្នាក់ទី៥ នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្អូនស្រីជាក្មេងកំព្រាទាំងឪពុក និងម្ដាយ ហើយបច្ចុប្បន្នរស់នៅជាមួយម្ដាយមីង ដែលជួយចិញ្ចឹមមើលថែ និងផ្គត់ផ្គង់ការសិក្សាដល់ប្អូនស្រី ទោះបីជាជីវភាពគ្រួសារមានការខ្វះខាតច្រើនយ៉ាងណាក្ដី ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។